快捷导航
 
ហេតុអ្វីបានជានិយាយថា កិច្ចសហប្រតិបត្តិការចិន…
VIEW CONTENTS
菠菜中文网 门户 国际新闻 东南亚新闻 查看内容

ហេតុអ្វីបានជានិយាយថា កិច្ចសហប្រតិបត្តិការចិន…

2024-9-4 20:30| 发布者: 爱他电动小黄瓜| 查看: 1025 |原作者: 爱他电动小黄瓜|来自: https://www.jianhuadaily.com/20240903/253734
摘要: ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលធំជាងគេបង្អស់ លើពិភពលោក…

ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលធំជាងគេបង្អស់ លើពិភពលោក ចំណែកទ្វីបអាហ្វ្រិកជាតំបន់ដែលមានជនក្រីក្រច្រើនបំផុតលើពិភពលោក ពោលគឺទ្វីបអាហ្វ្រិកមានចំនួនប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួចច្រើនបំផុតលើពិភពលោក ។ អាស្រ័យហេតុនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិកត្រូវបានគេចាត់ទុកថាជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ឬកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។

ជាពិសេស ក្នុងអំឡុងពេលជាង ២០ ឆ្នាំកន្លងទៅនេះ ផ្អែកលើវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០០ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអាហ្វ្រិកទទួលបានលទ្ធផលជាផ្លែផ្កាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃភាគីទាំងពីរ ។ ក្នុងនោះ សមិទ្ធផលសំខាន់ៗដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រនៅអាហ្វ្រិក ដ៏ដូចជាពិភពលោក ។

-សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

តាមទិន្នន័យស្ថិតិឱ្យដឹងថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទ្វីបអាហ្វ្រិកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ។ ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកឡើងដល់ ២៨២.១ ប៊ីលានដុល្លារអាមេរិក ដែលកើនឡើងជិត ១១% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ សហគ្រាសចិនបានបង្កើតឱកាសការងារលើសពី ១.១ លាននាក់សម្រាប់ប្រជាជននៅទ្វីបអាហ្វ្រិក ។

-មិត្តភាពដែលឆ្លុះបញ្ចាំងតាមរយៈរូបភាពលើរូបិយប័ណ្ណ

កសិកម្មជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកពីព្រោះវាពាក់ព័ន្ធនឹងសន្តិសុខស្បៀងដែលជារឿងធំបំផុតរបស់ប្រទេសជាតិ។ ក្នុងនោះ ប្រទេសម៉ាដាហ្កាស្កាបាននាំចូលបច្ចេកទេសស្រូវបង្កាត់របស់ប្រទេសចិន និងមានអ្នកជំនាញខាងកសិកម្មរបស់ចិនបានទៅជួយបង្ហាត់បង្រៀនដោយផ្ទាល់ ។ រហូតដល់ឆ្នាំ ២០២២ ស្រូវបង្កាត់របស់ចិនបានត្រូវដាំដុះក្នុងទំហំផ្ទៃដី ៧.៥ ម៉ឺនហិកតា ដែលក្នុងមួយហិកតាអាចហុចផលប្រមាណ ៧.៥ តោន ធ្វើឱ្យប្រទេសម៉ាដាហ្កាស្កាឈានទៅរកគោលដៅសម្រេចបាននូវការបំពេញតម្រូវការស្បៀងដោយខ្លួនឯង។ ដើម្បីរំលឹកដឹងគុណដល់ប្រទេសចិន ប្រទេសម៉ាដាហ្កាស្កាបានបោះពុម្ពរូបស្រូវបង្កាត់របស់ចិននៅលើរូបិយប័ណ្ណតម្លៃ ២ ម៉ឺនរបស់ខ្លួន ។ ក្រៅពីនេះ នៅលើរូបិយប័ណ្ណរបស់ប្រទេសម៉ាឡាវី ហ្គីណេ និងកុងហ្គោគីនសាសាជាដើមសុទ្ធតែមានបោះពុម្ពរូបសំណង់និមិត្តរូបដែលជាគម្រោងជំនួយឬម៉ោការសាងសង់ដោយប្រទេសចិន ។

-ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដួងចិត្តប្រជាជនចិននិងអាហ្វ្រិក

ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ សហគ្រាសចិនបានចុះហត្ថលេខាលើគម្រោងម៉ៅការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងសំណង់នៅទី្វបអាហ្វ្រិកដូចជាគមនាគមន៍ ថាមពល អគ្គិសនី បណ្តាញអ៊ីនធឺណិត និងលំនៅឋានជាដើមក្នុងទំហំទឹកប្រាក់លើសពី ៧០០ ប៊ីលានដុល្លារអាមេរិក និងបានសម្រេចទំហំអាជីវកម្មលើសពី ៤០០ ប៊ីលានដុល្លារអាមេរិក ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ។ក្នុងនោះ គម្រោងសាងសង់និងស្តារផ្លូវថ្នល់មានប្រវែងសរុបលើសពី ១០ ម៉ឺនគីឡូម៉ែត្រ ផ្លូវដែកមានប្រវែងសរុបលើសពី ១ ម៉ឺនគីឡូម៉ែត្រ បូករួមទាំងបណ្តាញខ្សែកាបនិងបណ្តាញអ៊ីនធឺណិតបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាហ្វ្រិកលើសពី ៩ រយលាននាក់ ។

-រួមគ្នាធ្វើបរិវត្តកម្មថាមពល ដើម្បីជំរុញការអភិវឌ្ឍបៃតង

 

នៅក្រោមក្របខ័ណ្ឌនៃការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិននិងបណ្តាប្រទេសអាហ្វ្រិកបានរួមគ្នាជំរុញការដោះស្រាយបញ្ហាលំបាកផ្នែកថាមពលនិងការធ្វើបរិវត្តកម្មថាមពល ។ គម្រោងថាមពលស្អាតដែលវិនិយោគដោយប្រទេសចិនបានរាយប៉ាយនៅប្រទេសនិងតំបន់អាហ្វ្រិកជាង ៤០ ដែលបានរួមចំណែកដល់ការជំរុញការធ្វើបរិវត្តកម្មថាមពលរបស់អាហ្វ្រិកប្រកបដោយប្រសិទ្ធភាព ។ ក្រៅពីនេះ មានមន្ត្រីរដ្ឋាភិបាល អ្នកបច្ចេកទេសនិងអ្នកស្រាវជ្រាវជាដើមមកពីប្រទេសជាង ៣០ នៃអាហ្វ្រិកបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកថាមពលនៅចិន ដែលបានក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់រួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅអាហ្វ្រិក ។

-«គ្រូពេទ្យចិន»ជាមិត្តល្អនិងជាអ្នកមានគុណរបស់អ្នកជំងឺនៅអាហ្វ្រិក

 

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា វិស័យសុខាភិបាលនៅអាហ្វ្រិកមានភាពទន់ខ្សោយ ដូច្នេះ ប្រទេសជាច្រើននៅអាហ្វ្រិកតែងរងការញាំញីពីជំងឺផ្សេងៗ ។ ក្នុងឆ្នាំ ១៩៦៣ ខណៈពេលដែលប្រទេសចិនទើបទទួលបានការអភិវឌ្ឍតិចតួចក៏ចូលរួមបុព្វហេតុ​ មនុស្សធម៌យ៉ាងសកម្ម ដោយបានចាត់បញ្ចូនក្រុមវេជ្ជសាស្ត្រទៅកាន់អាល់ហ្សេរី ដែលជាការបើកឆាកដំបូងនៃការផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រចំពោះប្រទេសអាហ្វ្រិក ។ ជាង ៦០ ឆ្នាំកន្លងមកនេះ ក្រុមវេជ្ជសាស្ត្រចិនបានជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺអាហ្វ្រិករាប់ម៉ឺនរាប់សែននាក់និងបានជំរុញសុក្រឹតភាពនៃប្រព័ន្ធសុខាភិបាលរបស់អាហ្វ្រិកហេតុដូច្នេះ នៅក្នុងក្រសែភ្នែករបស់ប្រជាជនអាហ្វ្រិក «គ្រូពេទ្យចិន»បានក្លាយជានិមិត្តសញ្ញានៃភាពជំនាញនិងភាពអាចទុកចិត្តបាន ។ លើសពីនេះ អាហ្វ្រិកជាតំបន់ដែលកើតមានជំងឺរាតត្បាតច្រើន ឱសថនិងវ៉ាក់សាំងរបស់ចិនបានរួមចំណែកក្នុងការព្យាបាលនិងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺឆ្លង ។

លទ្ធផលជាផ្លែផ្កាដែលបានរៀបរាប់ត្រួសៗទាំងនេះ គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ។ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិប្រកបដោយភាពស្មោះត្រង់ សមភាពនិងមេត្រីភាព ប្រទេសចិនបានចែករំលែកបទពិសោធកាត់បន្ថយភាពក្រីក្ររបស់ខ្លួនជាមួយបណ្តាប្រទេសអាហ្វ្រិក ជាពិសេសក្រៅពីការខិតខំជួយឱ្យអាហ្វ្រិកមានស្បៀងបរិភោគគ្រប់គ្រាន់ ការជួយបណ្តុះបណ្តាលខាងបច្ចេកទេសឧស្សាហកម្មនិងកម្មន្តសាលក៏បានជំរុញឱ្យអាហ្វ្រិកមានផលិតផលដែល«ផលិតដោយអាហ្វ្រិក»ចូលទៅប្រកួតប្រជែងក្នុងទីផ្សារពិភពលោកផងដែរ ។

កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤នឹងបើកធ្វើពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញានេះនៅទីក្រុងប៉េកាំង ។​​ ជឿជាក់ថា កិច្ចប្រជុំនេះមុខជានឹងទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ដែលនឹងបំពេញបន្ថែមកម្លាំងចលករសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកដែលមានភាពកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មីនិងរួមចំណែកថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រសកលជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន


路过

雷人

握手

鲜花

鸡蛋

Copyright by 2021